Angelina Jolie កំពុងពិចារណាចាកចេញពីអាមេរិក មករស់នៅកម្ពុជា ខណៈមានផ្ទះនិងដីនៅខ្មែរស្រាប់
តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie កំពុងមានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីទៅរស់នៅក្រៅប្រទេស រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសដែលនាងមានសញ្ជាតិផងដែរ។ យោងតាមរបាយការណ៍ពីប្រភពជិតស្និទ្ធនឹងនាង Angelina Jolie មានផែនការបែងចែកពេលវេលារបស់នាងរវាងទីក្រុងញូវយ៉ក អឺរ៉ុប និងកម្ពុជា បន្ទាប់ពីកូនភ្លោះរបស់នាងឈានចូលវ័យ១៨ឆ្នាំនៅខែកក្កដា ឆ្នាំ២០២៦។

Angelina Jolie ដែលជាម្តាយនៃកូន៦នាក់ បានទិញវិមាននៅទីក្រុងឡូសអេនជឺលេសក្នុងតម្លៃ២៥លានដុល្លារអាមេរិក (ប្រហែល៣២លានដុល្លារសិង្ហបុរី) កាលពីឆ្នាំ២០១៦ ហើយឥឡូវនេះ មានអ្នកទិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កំពុងមើលវិមាននោះហើយ។ ប្រភពជិតស្និទ្ធបានប្រាប់ថា នាងនឹងរីករាយខ្លាំងនៅពេលដែលអាចចាកចេញពីទីក្រុងឡូសអេនជឺលេស ដោយសារតែការរៀបចំការឃុំឃាំងកូនជាមួយអតីតស្វាមី ប្រេដ ភីត (Brad Pitt) ដែលបានបញ្ចប់ការលែងលះជាផ្លូវការនៅចុងឆ្នាំ២០២៤ បន្ទាប់ពីការតតាំងក្តីអូសបន្លាយពេល៨ឆ្នាំលើទ្រព្យសម្បត្តិ និងការឃុំឃាំងកូន។

ទំនាក់ទំនងរបស់ Angelina Jolie ជាមួយប្រទេសកម្ពុជាមានឫសគល់ជ្រៅជ្រះតាំងពីឆ្នាំ២០០១ នៅពេលដែលនាងមកថតខ្សែភាពយន្ត Tomb Raider។ ក្នុងឆ្នាំ២០០២ នាងបានយកកូនប្រុសច្បង Maddox ពីមណ្ឌលកុមារកំព្រានៅកម្ពុជា។ Angelina Jolie បានទិញអចលនទ្រព្យនៅកម្ពុជា ដែលនាងនៅតែកាន់កាប់រហូតមកដល់សព្វថ្ងៃ រួមទាំងដីជាច្រើនហិចតានៅជុំវិញផ្ទះនោះ។ ក្នុងឆ្នាំ២០០៥ នាងបានទទួលសញ្ជាតិកម្ពុជាពីព្រះមហាក្សត្រ។
