admin By admin February 3, 2026

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត ដុងណាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តដុងណាយ ដើម្បីចូលរួមពិធីអបអរសាទរ និងជូនពរ ក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

នាឱកាសក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពី ឯកឧត្តម វូ ហុងវ៉ាន់ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សលេខា គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូរដ្ឋសភាខេត្តដុងណាយ លោកជំទាវ តុន ង៉ុកហាញ់ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាប្រចាំការ គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជន និងឯកឧត្តម ង្វៀន វ៉ាន់អ៊ុត អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជា ប្រធានគណៈកម្មាធិការប្រជាជន ខេត្តដុងណាយ។

ឆ្លៀត ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តម អ៊ុន ចាន់ដា បានជូនពរដល់ថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជននៅទូទាំងខេត្ត ដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមទទួលបាននូវសន្តិភាព ការអភិវឌ្ឍន និង សូមអោយចំណងមេត្រីភាពរវាង ខេត្តយើងទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ជាអមតៈ តរៀងទៅ។

ក្រៅពីប្រតិភូខេត្តកំពង់ចាម ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាប្រតិភូ មកពីខេត្តសម្ព័ន្ធមេត្រីភាព ចំនួន ៦ផ្សេងទៀត រួមមាន :ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង៕

Leave a Reply

Your email address will not be published. Required fields are marked *