Nothing Phone 3 រូបរាងស្អាតប្លែកពីគេ ប៉ុន្តែតម្លៃមិនទាបទៀតឡើយ
Nothing Phone 3 ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការរចនារូបរាងទូរសព្ទទៅមួយកម្រិតទៀត និងរក្សាអត្ដសញ្ញាណរបស់ខ្លួនដដែល ជាពិសេសលើការបន្ថែមអេក្រង់ LED តូចមួយនៅខ្នងខាងក្រោយ និងបំពាក់កាមេរ៉ាក្រោយដល់ ៣ គ្រាប់ស្រដៀងទូរសព្ទកំពូល។ តម្លៃរបស់ Nothing Phone 3 ចាប់ផ្ដើមពី ៧៩៩ ដុល្លារលើទីផ្សារបរទេស ប្រហាក់ប្រហែលនឹងទូរសព្ទកំពូលដូចជា iPhone 16 ទៅហើយ ប៉ុន្តែសមត្ថភាពមិនកំពូលដូចតម្លៃឡើយ យ៉ាងណាក៏វាស្ថិតនៅកម្រិតខ្ពស់មួយដែរ។

អ្វីដែលថ្មីបំផុតពី Nothing Phone 3 នោះគឺ Glyph Matrix គឺជាអេក្រង់ LED ចំនួន ៤៨៩ គ្រាប់នៅខ្នងខាងក្រោយ ដែលមានមុខងារបង្ហាញ Notification, បង្ហាញការ call ចូល, បង្ហាញម៉ោង, ប្រើជាមួយ app ផ្សេងៗ, និងដាក់រូបភាពស្អាតៗដែលយើងចូលចិត្ត។ អេក្រង់ខាងមុខវិញ ទំហំ 6.67 អ៊ីងជាប្រភេទ AMOLED កម្រិតបង្ហាញ FHD+ និងល្បឿនឡើងដល់ 120Hz ពន្លឺបង្ហាញខ្ពស់ដល់ ៤ ៥០០ នីត។

ចំណុចសំខាន់មួយទៀត គឺការតម្លើងកាមេរ៉ា ៣ គ្រាប់ទំហំ 50MP ទាំងអស់ ដែលត្រូវចិត្តអ្នកប្រើប្រាស់ទូទៅ កាមេរ៉ាគោលទំហំស៊េនស័រជិត ១ អ៊ីង ចាប់រូបភាព 50MP មានទប់លំនឹង OIS រីឯកាមេរ៉ា telephoto 3x ប្រើលេន 70mm មានទំហំ 50MP និងលេនទូលាយចាប់រូបភាព ១១៤ ដឺក្រេ មានទំហំ 50MP ដូចគ្នា ហើយអាចប្រើប្រាស់សម្រាប់ថតម៉ាក្រូ បូកជាមួយ កាមេរ៉ាមុខទំហំ 50MP ដូចគ្នាផងដែរ។
