លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាបឋមសិក្សាតាសួស!
នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជានាយកសាលាបឋមសិក្សានៅសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុកបានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោកនាយកថ្មីដែលទើបទទួលបានការតែងតាំងឱ្យកាន់មុខតំណែងជានាយកសាលាបឋមសិក្សា។ នេះគឺជាការទទួលស្គាល់នូវសមត្ថភាព ការខិតខំប្រឹងប្រែង និងការជឿទុកចិត្តពីថ្នាក់ដឹកនាំ ហើយក៏ជាការប្រគល់នូវបេសកកម្មដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងអភិវឌ្ឍស្ថាប័នអប់រំមួយឱ្យកាន់តែរីកចម្រើន។
លោកអភិបាលក៏បានផ្ដាំផ្ញើជូននៅខ្លឹមសារសំខាន់ៗមួយចំនួនដល់លោកនាយកដូចខាងក្រោម:
ជាបឋម សូមប្រកាន់ខ្ជាប់នូវគោលការណ៍ «ដឹកនាំដោយគំរូ បម្រើដោយស្មារតី និងអភិវឌ្ឍដោយការច្នៃប្រឌិត»។ អ្នកដឹកនាំល្អ គឺជាអ្នកដែលបង្ហាញតម្លៃតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែការណែនាំប៉ុណ្ណោះទេ។
សូមខិតខំបង្កើតសាលាឱ្យក្លាយជាកន្លែងដែលសិស្សចង់រៀន លោកគ្រូ អ្នកគ្រូចង់បង្រៀន និងមាតាបិតាមានទំនុកចិត្ត។ បរិយាកាសល្អក្នុងសាលា នឹងជួយជំរុញការអប់រំប្រកបដោយគុណភាព និងបណ្តុះធនធានមនុស្សដែលមានសមត្ថភាព និងសីលធម៌។
ជាមួយគ្នានេះ សូមយកចិត្តទុកដាក់លើការថែរក្សាវិន័យ ការគោរពច្បាប់ ការអនុវត្តការងារប្រកបដោយតម្លាភាព និងការប្រើប្រាស់ធនធានសាលាឱ្យមានប្រសិទ្ធភាព។ ការងារទាំងអស់ត្រូវធ្វើឡើងដោយផ្អែកលើផលប្រយោជន៍របស់សិស្ស និងការរីកចម្រើនរបស់សាលាជាចម្បង។
បន្ថែមពីនេះសូមពង្រឹងកិច្ចសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក អាជ្ញាធរមូលដ្ឋាន គណៈកម្មការទ្រទ្រង់សាលា មាតាបិតា និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍសាលា។
ជាចុងបញ្ចប់លោកអភិបាលបានផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)។









